Home
សាររដ្ឋមន្ត្រី

សាររដ្ឋមន្ត្រី

វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាវិស័យដែលនាំចេញនៅនឹងកន្លែង ជាវិស័យដែលការអភិវឌ្ឍមានលក្ខណៈជាប្រព័ន្ធ ហើយជាវិស័យអាទិភាពមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាតំណាក់កាលទី៣។ វិស័យទេសចរណ៍រួមចំណែកយ៉ាងសំខាន់ក្នុងការងារកសាងសេដ្ឋកិច្ចសង្គម ផ្តល់ឪកាសការងារ មុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុសាកល តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរ ភាព និងការទទួលខុសត្រូវដែលរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍ ការថែរក្សា ការពារ និងការ អភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ធនធានធម្មជាតិ។ ម្យ៉ាងទៀតការរីកលូតលាស់នៃវិស័យ ទេសចរណ៍ ជួយពង្រឹងពង្រីកការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ការពង្រឹងនិងពង្រីកមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មកម្ពុជាទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា “ មាសបៃតង” ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចបៃតងដែលចំណូលវិស័យនេះត្រូវបានចាក់បញ្ចូលភ្លាមៗទៅក្នុងចរន្តរសេដ្ឋកិច្ច រួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជាង ១០% និងធ្វើឲ្យមានលំនឹងផ្នែកជញ្ជីងពាណិជ្ជកម្ម។

ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ដែលបានផ្តល់ឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់អនុវត្តក្នុងខេត្តចំនួនបី គឺខេត្តកែប កំពត និងកោះកុងដោយផ្តោតទៅលើ៖ ១. ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ (កំពង់ផែទេសចរណ៍អន្តរជាតិ និងកំណត់ផ្លូវតភ្ជាប់) នៅខេត្តកំពត ២.ការធ្វើឲ្យប្រសើរឡើងបរិស្ថានជុំវិញផ្សារក្តាមខេត្តកែប និង៣. ការពង្រឹងសមត្ថភាពស្ថាប័នសម្រាប់គាំទ្រដល់កំណើនវិស័យទេសចរណ៍នៅក្នុងខេត្តកែប កំពត និងកោះកុង។

តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សំខាន់ៗ កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយនឹងត្រូវបានបង្កើតឡើង ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងជាលក្ខណៈច្រកទ្វារអន្តរជាតិផ្លូវសមុទ្រនៅទីនោះ។ ផ្សារក្តាមដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញស្រាប់ក្នុងខេត្តកែប នឹងជំរុញការទាក់ទាញរបស់ខ្លួនបន្ថែមទៀត ប្រែក្លាយតំបន់នេះទៅជាគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយគុណភាពបន្ទាប់ពីទទួលបានការកែលម្អជាពិសេសប្រព័ន្ធសម្អាតទឹកកខ្វក់ និងសំណល់រាវ។

ខ្ញុំសង្ឃឹមជឿជាក់ថា លទ្ធផលនៃការអនុវត្តគម្រោងនេះនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចទេសចរណ៍មូលដ្ឋានក្នុងខេត្តទាំងបី និងផ្តល់ឪកាសការងារដោយផ្ទាល់នឹងកើនឡើងពី ៥៥០០នាក់ដល់២២ ០០០នាក់ក្នុងឆ្នាំ២០២៥ ដែលក្នុងនោះ ៦០%ជាការងាររបស់ស្រ្តី។

ក្រសួងទេសចរណ៍មានមោទនៈភាពដែលមានឪកាសអនុវត្តគម្រោងដ៏មានសារៈប្រយោជន៍នេះ។ ខ្ញុំសង្ឃឹមថាភាគីពាក់ព័ន្ធនឹងផ្តល់កិច្ចសហប្រតិបត្តិការល្អ ដើម្បីឲ្យគម្រោងនេះទទួលបានលទ្ធផលល្អប្រសើរ។

Leave a Comment

*

*

Back to Top